ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ដឹងថា “ផ្សិតម្ជុល” ល្អយ៉ាងណាខ្លះចំពោះសុខភាព?

ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ដឹងថា “ផ្សិតម្ជុល” ល្អយ៉ាងណាខ្លះចំពោះសុខភាព?

Admin 08-Feb-20 56 Views 

ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ញ៊ាំផ្សិតម្ជុល ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថាតើផ្សិតម្ជុលអាចផ្ដល់ផលល្អៗអ្វីខ្លះ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលផ្សិតម្ជុលក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ប្រយុទ្ធប្រឆាំងជំងឺមហារីក

នេះក៏ព្រោះតែផ្សិតម្ជុលមានផ្ទុកសារធាតុ proflamin ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងដុំសាច់មហារីក។ ដូច្នេះការទទួលទានផ្សិតម្ជុលអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតផ្សិតម្ជុលក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដែលកាត់បន្ថយ oxidative stress ព្រមទាំងប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយដែលអាចជួយទប់ស្កាត់ជំងឺមហារីក។

២. ​មានផ្ទុកសម្បូរទៅដោយជាតិសសៃ

អត្ថប្រយោជន៍អស្ចារ្យមួយផ្សេងទៀតដែលអ្នកអាចទទួលបានពីការទទួលទានផ្សិតម្ជុល គឺវាមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ម្យ៉ាងវិញទៀតការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃក៏ជួយដោះស្រាយក៏ដូចជាទប់ស្កាត់បញ្ហាទល់លាមកនិងសម្រួលចលនា ពោះវៀនផងដែរ។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំ

អត្ថប្រយោជន៍អ្វីទៀតទៅដែលអ្នកអាចទទួលបានពីការទទួលទានផ្សិតម្ជុល? នោះគឺផ្សិតម្ជុលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ នេះក៏ព្រោះតែផ្សិតនេះមានលក្ខណៈសម្បត្តិប្រឆាំងមេរោគនិង ការរលាក ព្រមទាំងជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូដែលជួយពង្រឹងនិងរក្សាសុខភាពប្រព័ន្ធភាពស៊ាំរាងកាយ។

៤. កម្ចាត់ខ្លាញ់និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយ

ផ្សិតម្ជុលមានផ្ទុកអាស៊ីត linoleic ដែលជួយកម្ចាត់ខ្លាញ់ក្បាលពោះនៅពេលរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ការទទួលទានផ្សិតម្ជុលក៏ជួយសម្រួលដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយនិងបង្កើនការស្រូវយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។

៥. ការពារសុខភាពបេះដូង

ការទទួលទានផ្សិតម្ជុលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងដោយផ្សិតនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ហើយជាតិសសៃមានប្រសិទ្ធិភាពកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ៕

ប្រភព : Health.com.kh