អស់បារម្ភ! ចង់ឱ្យកូនខ្ពស់ កុំភ្លេចឱ្យញ៊ាំអាហារទាំងនេះ

អស់បារម្ភ! ចង់ឱ្យកូនខ្ពស់ កុំភ្លេចឱ្យញ៊ាំអាហារទាំងនេះ

Admin 12-Feb-20 321 Views 

កំពស់ខ្ពស់សមរម្យ គឺជាអ្វីមួយដែលភាគច្រើននៃពួកយើងចង់បានដើម្បីបង្កើនទំនុកចិត្ត ឬភាពជឿជាក់លើខ្លួនឯងពេលឈរនៅក្បែរអ្នកដទៃ។ ជាធម្មតាការលូតកំពស់មានទំនាក់ទំនងទៅនឹងកត្តាហ្សែន លំហាត់ប្រាណ ព្រមទាំងប្រភេទនៃចំណីអាហារដែលយើងទទួលទាន។ ដូច្នេះប្រសិនបើអ្នកចង់កើនកម្ពស់បន្ថែម អ្នកត្រូវដឹងអំពីប្រភេទនៃអាហារបែបណាដែលមានប្រសិទ្ធភាពរក្សាភាពរឹងមាំ ក៏ដូចជាជួយដល់ការលូតលាស់នៃឆ្អឹង។ ថ្ងៃនេះយើងនឹងបង្ហាញពីអាហារដែលលោកអ្នកគួរព្យាយាមឱ្យកូនទទួលទានដើម្បីជួយបង្កើនកម្ពស់កំឡុងពេលលូតលាស់ ៖

១. ទឹកដោះគោ

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូមដែលជួយពង្រឹងសុខភាពឆ្អឹង។ លើសពីនេះទៅទៀតប្រូតេអ៊ីនក្នុងទឹកដោះគោចាំបាច់សម្រាប់រក្សាសុខភាពសាច់ដុំ។ សុខភាពឆ្អឹងនិងសាច់ដុំល្អប្រសើរជួយឱ្យកុមារលូតលាស់បានត្រឹមត្រូវ។

២. ស៊ុត

ការរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារក៏ជួយឱ្យពួកគេអាចលូតកម្ពស់បានត្រឹមត្រូវផងដែរ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ល្អបំផុតមួយទៀតនៃជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងនិងសាច់ដុំ។

៣. សាច់មាន់

ដូចបានរៀបរាប់ច្រើនដងខាងលើរួកមកហើយ ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការលូតលាស់និងរក្សាសុខភាពល្អប្រសើរនៃឆ្អឹងនិងសាច់ដុំ។ ហើយសាច់មាន់មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់។ ដូច្នេះកុំភ្លេចរួមបញ្ចូលសាច់មាន់ក្នុងរបបអាហាររបស់កុមារដើម្បីធានាបានថាពួកគេអាចលូតកម្ពស់បានប្រសើរ។

៤. បន្លែបៃតង

បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមផងដែរ។ ដូច្នេះកុំភ្លេចឱ្យកូនញ៊ាំបន្លែបៃតងដើម្បីជួយដល់ការលូតកម្ពស់របស់ពួកគេ។

៥. ផ្លែឈើ

ក្រៅពីជួយរក្សាសុខភាពល្អប្រសើរហើយនោះ ការរួមបញ្ចូលផ្លែឈើចម្រុះក្នុងរបបអាហារកុមារក៏ជួយដល់ការលូតកម្ពស់របស់ពួកគេគួរឱ្យកត់សម្គាល់។ ផ្លែឈើជាប្រភពដ៏ប្រសើរបំផុតនៃវីតាមីននិងជាតិរ៉ែចាំបាច់ដែលរាងកាយកំពុងលូតលាស់របស់ក្មេងត្រូវការ។ លើសពីនេះទៅទៀការទទួលទានផ្លែឈើក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

៦. ត្រីសម្បូរខ្លាញ់

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ដែលជួយដល់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ល្អសម្រាប់ការលូតលាស់នៃឆ្អឹង។ ជាតិប្រូតេអ៊ីននៃត្រីក៏ជួយពង្រឹង និងរក្សាសុខភាពឆ្អឹង ព្រមទាំងសាច់ដុំល្អប្រសើរបង្កើនការលូតកំពស់ផងដែរ៕

ប្រភព : Health.com.kh